“សប្តាហ៍​ទោចក្រយានយន្ត” ព្រឹត្តិការណ៍ ​ដ៏​អស្ចារ្យ​មួយ​ឆ្នាំ​មាន​ម្តង ដែល​ជា​ការ​ជួបជុំ​គ្នា​រវាង​ក្រុម​អ្នក​ប្រើប្រាស់​ម៉ូតូ​ធំៗ​ចម្រុះ​ជាតិ​ សាសន៍​នៅ​កម្ពុជា​លើកទី​ពីរ បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​អ៊ឹកធឹក កាល​ពី​ចុង​សប្ដាហ៍​នេះ ជាមួយ​ការ​បញ្ចេញ​សូរ​សំឡេង​ម៉ូតូ​រោទិ៍​ង៉ោងៗ លាន់​ឮ​យ៉ាង​ទ្រហឹងអឺងកងនៅ​លើ​ទីលាន​​ និង​បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន​ ជាពិសេស​មិត្ត​យុវវ័យ។
ក្រៅ ​ពី​ការ​​ដាក់​តាំង​បង្ហាញ​ប្រភេទ​ម៉ូតូ​ធំៗ​ធុន​ស៊េរី​ទំនើបៗ​ដ៏​ស្រស់​ ស្អាត​គ្រប់​ប្រភេទ ការ​សំដែង​ដ៏​អស្ចារ្យ​របស់​ក្រុម​អ្នក​បើកបរ​ម៉ូតូ​ធំៗ​ បាន​អន្ទង​ចិត្ត​អ្នក​ទស្សនា​រាប់​ពាន់​នាក់ ប្រឹង​ឈរ​សម្លឹង​មើល​មិន​ដាក់​ភ្នែក ជាមួយ​ការ​ស្ងើច​សរសើរ​នៅ​ក្នុង​ចិត្ត​យ៉ាង​ក្រៃលែង​លើ​សមត្ថភាព​ការ​ ប្រើប្រាស់​ម៉ូតូ​យ៉ាង​ប៉ិនប្រសព្វ​របស់​ពួកគេ​។
តើ​មិត្ត​យុវវ័យ មាន​បាន​ទៅ​ទស្សនា​ផ្ទាល់​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ដែរ ​ឬ​ទេ? បើ​មិន​បាន​ទៅ​ផ្ទាល់ សូម​ទស្សនា​រូបភាព​ជា​ច្រើន​សន្លឹក​ដែល​ផ្តិត​ទិដ្ឋភាព​នៃ​ព្រឹត្តិការណ៍​ដ៏ ​ពិសេស​នេះ​ទាំង​អស់​គ្នា។
ព្រឹត្តិការណ៍ “សប្តាហ៍​ទោចក្រយានយន្ត” ដំណើរការណ៍​ទៅ​រយៈ​ពេល ២ ថ្ងៃ ចាប់ពី​ថ្ងៃ ៣០ ដល់ ៣១ មីនា ឆ្នាំ​២០១៣ នៅ​ទីក្រុង​កោះពេជ្រ។ “សប្តាហ៍​ទោចក្រយានយន្ត” ផ្តោត​សំខាន់​លើ​ការ​គោរពរ​ច្បាប់​ចរារចរណ៍ និងការ​ស្វែង​រក​មូលនិធី​ដើម្បី​ជួយ​ដល់​កុមារ​ឆែប​មាត់​នៅ​កម្ពុជា​របស់​ អង្គការ Operation Smile។ កម្មវិធី​រៀបចំ​ឡើង​ដោយ​ក្លិប​អ្នកប្រើប្រាស់​ម៉ូតូ​ធំ​កម្ពុជា (CBC) និង​មាន​ការ​សហការ​ឧបត្ថម្ភ​ពី​សំណាក់​ក្រុមហ៊ុន​ជា​ច្រើន​ក្នុង​នោះ​រួម​ មាន​ស្រាបៀរ​កម្ពុជា និង​ Bajaj ជា​ដើម។